sh bet

ទំព័រដើមsh bet:ប្រវត្តិសាស្ត្រសិលាចារឹកទួលទ្រនំពងទឹក

សិលាចារឹកទួលទ្រនំពងទឹក

សិលាចារឹកនេះ រកឃើញនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយលោក ជាណន ជាគ្រូខាងព្យាបាលបែបបុរាណ នៅចម្ងាយ៥០ម៉ែត្រ ពីទួលបុរាណមួយឈ្មោះថា “ទួលទ្រនំពងទឹក” ក្នុងកំឡុងឆ្នាំ១៩៨៧។ បន្ទាប់ពីបានប្រទះឃើញសិលាចារឹកនេះ គាត់បានយកមករក្សា នៅផ្ទះគាត់ និងក្រោយមកយករក្សាទុកនៅក្នុងអាស្រមរបស់គាត់ដោយស្ងៀមស្ងាត់បំផុត។ សព្វថ្ងៃលោកតា ជា ណន បានទទួលមរណភាពទៅហើយ រីឯសិលាចារឹកនេះក៏បានរក្សាទុកដោយកូនប្រសាររបស់គាត់ឈ្មោះ អ៊ុំ សារ៉ាន់ ត្រូវជាមេភូមិពងទឹកបច្ចុប្បន្ននេះ។ សិលាចារឹកនេះមិនមានមន្ត្រីជំនាញ ឬអាជ្ញាធរណាម្នាក់បានដឹងនោះទេ។ ខ្ញុំធ្លាប់បានឃើញរូបសិលាចារឹកនេះម្តងក្នុងកំឡុងឆ្នាំ២០១៨ ប៉ុន្តែដោយមិនមានប្រភព និងទីតាំងច្បាស់លាស់ ខ្ញុំក៏មិនអាចស្វែងរកសិលាចារឹកនេះឃើញ។ រហូតមកដល់ម៉ោង៧.២៨នាទីយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ លោក ម៉ន ចាន់ដេត (ភោគ កុម្ភៈ) ជាមន្ត្រីជំនាញនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានយករូបភាពសិលាចារឹកនេះមកសាកសួរខ្ញុំថាធ្លាប់បានឃើញទេ ក្នុងពេលនោះខ្ញុំបានឆ្លើយថាមិនបានដឹងនោះ។ ប៉ុន្តែមួយថ្ងៃបន្ទាប់មក ទើបខ្ញុំបានដឹងថារូបនេះធ្លាប់បានឃើញម្តងក្នុងកំឡុងឆ្នាំ២០១៨ តែរកប្រភពដើមមិនឃើញ។ ក្រោយមកខ្ញុំក៏បានរាយការណ៍ទៅ លោក រិន ពេជ្ររដ្ឋ ជាមន្ត្រីនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្ដាល ដើម្បីឱ្យជួយស្វែងរកព័ត៌មាន។ រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ទើបទទួលបានដំណឹងពិតប្រាកដអំពីទីតាំងរបស់សិលាចារឹកនេះ និងបានទៅធ្វើសំណៅផ្តិតសិលាចារឹកនេះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ថ្មីៗនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល បានទទួលយកសិលាចារឹកនេះយកទៅថែរក្សាទុកក្នុងឃ្លាំងរបស់មន្ទីរ។
ការទទួលយកសិលាចារឹកទៅរក្សាទុក ដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល

សិលាចារឹកនេះចារឹកជាភាសាសំស្ក្រឹត និងភាសាខ្មែរមានចំនួន ២១ បន្ទាត់ ដែល ២ បន្ទាត់ដំបូងចារឹកជាភាសាសំស្ក្រឹត បែបកំណាព្យឆន្ទអនុស្តុភ ប៉ុន្តែគ្រប់ប្រឋមបាទបានបាក់បែកបាត់ ហើយអាចអានចាប់ទ្វិតីយបាទទៅ ហើយជាសំណេរនៅស.វ.ទី៧ (សម័យមុនអង្គរ)។ ចំពោះអត្ថន័យរបស់ស្លោកទី១ ពណ៌នាអំពីការកសាងព្រះបដិមាលិង្គព្រះឥសូរ ក្រោមបរមនាមថា ស្រីមណ្ឌលេស្វរ និងការបរិច្ចាគទានជារណ្ដ💛ាប់ដង្វាយផង ប៉ុន្តែដោយសារប្រឋមបាទរបស់ស្💧លោកនេះបាត់ទើបមិនអាចកំណត់ថានរណាជាស្ថាបករ។

ស្លោកទី២ ដោយបាត់ប្រឋមបាទ ធ្វើឱ្យពិបាកយល់ ប៉ុន្តែអ្វីនៅសេសសល់បង្ហាញអំពី ការបរិច្ចាគទានដល់ព្រះស្រីមណ្ឌលេស្វរ ក្នុងរជ្ជកាលរបស់ព្រះបាទស្រីភវវម៌្ម(ទី២)។

ចាប់ពីបន្ទាត់ទី៣ ដល់បន្ទាត់ទី២១ ជាភាសាខ្មែរ ពណ៌នាអំពីដង្វាយដល់ព្រះស្រីមណ្ឌលេស្វរ ដោយសប្បុរសជនជាច្រើននាក់ មានដូចជា បោញភាគ, ម្រតាញ៑ភាម្ឫទុ, ម្រតាញយជមាន, ប្អញគោសដង្វាយមានដូចជាអ្នកបម្រើ បុរស នារី និង꧟ទារក ទារិកា⛦ ក្មេងវ័យជំទង់ ដីស្រែ ដើមដូង គោ និងសម្លៀកបំពាក់។

សំណៅផ្តិតសិលាចារឹកទួលទ្រនំពងទឹក ខេត្តកណ្តាល (ផ្តិតដោយ៖ កំ វណ្ណារ៉ា​ និងរិន ពេជ្ររដ្ឋ)

*អត្ថបទពាក្យចារឹក

១.        ………………………   [ភគ]វាន្មណ្ឌលេឝ្វរះ                ទាតា សតន្ភក្តិផលំ                យជ្វនា ស្ថាបិតោភវត៑។ ២.        ……………………… [ត]ស្មិញ្ឆ្រីមណ្ឌលេឝ្វរេ             ទីយន្តេ តេន តេ សវ៌្វេ               រាជ្យេ ឝ្រីភវវម៌្មណះ។ ៣.        ……………ន ឰ ត វ្រះកម្រតាង៑ អញ៑ ឝ្រីមណ្ឌលេឝ្វរ ក្ញុំ ត សិយ៑ ៤.        …….ត កន្តៃ អ្មេ ថេង៑ កោន្កុ កុ ថេង៑ កោន្កុ វា ក្ចេក៑ បៅ តៃ សិន៑ ៥.        ……បិត៑១ កោន្កុ បៅតៃ កុ វិក្ឫត កុ ម្ឫគសេន វា ភរ៑ ទេរ៑ សិយ៑ ៦.        ……… [កោ]ន្កុ បៅសិយ៑ កុ ក្មាស៑ កោន្កុ កុ សុភទ្រ អំនោយ៑ បោញ៑ ភាគវ ៧.        …….ម្រតាញ៑ ភាម្ឫទុ ឰ ត វ្រះកម្រតាង៑ អញ៑ ឝ្រីមណ្ឌលេឝ្វរ ឰ ត វ្រះ ៨.        …….លិស៑ ក្ញុំ ត សិយ៑ វា កន្ទោស៑ វា វិនោទ ក្ញុំ ត កន្តៃ កុ ន៌្នោរុ កោន្កុ កុ អ ៩.        ….. [លា]ង៑ តៃ កុ អ្នក៑មោយ៑ បៅតៃ កុ ត្យុង៑ កោន្កុ កុ តំរូ បៅតៃ កុ កន្ទត៑ ១០.     …..បៅសិ ស្រេ អំនោយ៑ ម្រតាញ៑ យជមាន ស្រេ សន្រេ វេរ៌ ស្រេ អំនោយ៑ ប្អញ៑ គោស៑ ឰ ត វ្រះកម្រតាង៑ អញ៑ ឝ្រីមណ្ឌលេឝ្វរ ១១.     ..ស៑ ស្រេ អំនោយ៑ ម្រតាញ៑ ភាម្ឫទុ ឰ ត វ្រះ ទំនុញ៑ ត វ្រៅ ច្គោង៑ ត បោញ៑ បាស៑ ១២.     ….[បោញ៑] ឝាន្តិកីត៌ិ្ត ត បោញ៑ តាង៑ ឯត៑ ត ត្នះ ក្មៅបាទ១ត្លៃគិុលិង៑ ១០ស្រេ    ទំនុញ៑ត ១ ១៣.     ..ញ៑ ត ក្លោញ៑ ម្រតាញ៑ ក្ចី ត ក្លោញ៑ តាញ៑ ត វិទ្យា ត ទេវចន្ទ្រ មាស៑ ២ ស្រេ ទំនុញ៑ (ត្លៃ គិុ យៅ ៤ វ្លះ១) ១៤.     …ញ៑ ទាស៑ អំរុង៑ គិុ ជេ ១ ត្លៃ ​គិុ យៅ ១ ស្រេ ទំនុញ៑ ត ក្លោញ៑ ទន្ហុំ អំរុង៑ គិុ   ជេ ២ ១៥.     ..ត្លៃ គិុ យៅ ១ វ្លះ ១ ស្រេ ទំនុញ៑ ត ប្អញ៑ ហស៑ អំរុង៑ គិុ មាស៑ ១ ​ត្លៃ គិុ យៅ១  វ្លះ១ ស្រូ ត្លោង៑៤ ស្រេ ១៦.     ទំនុញ៑ ត អ្មេ កំយេក៑ បោញ៑ ឝិវកីត៌ិ្ត អំរុង៑ គិុមាស៑១ត្លៃ គិុ ស្របុត៑ វ្លះ១ស្រូ    ត្លោង៑១០-៤ ១៧.     ស្រេ ទំនុញ៑ ត ក្លោញ៑ វេង៑ អំរុង៑ គិុ មាស៑ ១(កន្លះ)ត្លៃ គិុ ចន្លេក៑ វ្លះ១ស្រូ       ត្លោង៑ ២ ស្រេ ទំនុញ៑ ១៨.     ឰ ត អ្មេ បោញ៑ សុទេវ ឰ ត បោញ៑ សុទេវ អំរុង៑ គិុ ជេ ១(កន្លះ) ត្លៃ គិុ ចន្លេក៑ យៅ ១ ១៩.     ស្រេ ទំនុញ៑ ត ក្លោញ៑ អប៑ អំរុង៑ គិុជេ ២ ត្លៃ គិុ ចន្លេក៑ វ្លះ១ ស្រេ ត្លោង៑ ១០-៣ ត្មុរ៑ភៃ២០-១០ ២០.     តោង៑ តេំ ២០-១០ ស្លា តេំ ២០០-២០០ ស្រេ ទំនុញ៑ ត បុនេង៑ ក្លោញ៑ សង្ហាហ្វ៑ ត្លៃ គិុ ស្រូ ភៃ ១៤០-១០ អំរុង៑ គិុ បាទ ១ ២១.     .. [តេ] ល៑ ទារ៑ បន្តា ស្រេ ភៃ ៨០-១០-៧ ចន្លេក៑.. តេល៑ ទារ៑ បន្តា ស្រេ យៅ ១០-៣ វ្លះ១

*បំណកប្រែ

(១)       ……ព្រះដិមា ព្រះស្រីមណ្ឌលេឝ្វរ បានស្ថាបនាហើយ ដោយមានការបូជា ផល ភក្តិ (សេចក្តីគោរព) និងការបរិច្ចាគទានជានិច្ចកាលផង។                    (២)      ……..ដោយការបរិច្ចាគទានទាំងឡាយទាំងពួង ដល់ព្រះស្រីមណ្ឌលេឝ្វរក្នុងរជ្ជកាលរបស់ព្រះបាទ ស្រីភវវម៌្ម(ទី២)។      (៣-៦) ….អំណោយ ថ្វាយដល់ព្រះកម្រតាង អញ ឝ្រីមណ្ឌលេឝ្វរ អ្នកបម្រើបុរសមាន….អ្នកបម្រើនារី មាន អ្មេ ថេង ជាកូន របស់ កុ ថេង កូន របស់ វា ក្ទេក នៅបៅដោះនៅឡើយ…បិត១ ទារិកា នៅបៅដោះ កុ វិក្ឫត កុ ម្ឫគសេន វា ភរ ទេរសិយ(បុរសវ័យជំទង់) …ទារកនៅបៅដោះ កុ ក្មាស កូនរបស់ កុ សុភទ្រ។ (៦-១០) អំណោយ របស់ បោញ ភាគវ ….ម្រតាញ ភាម្ឫទុ ថ្វាយដល់ព្រះកម្រតាង អញ ឝ្រីមណ្ឌលេឝ្វរ តង្វាយដល់ព្រះមាន …អ្នកបម្រើបុរស មាន វា កន្ទោស វា វិនោទ។ អ្នកបម្រើនារី មាន ន៌្នោរុ កូនរបស់ កុ អ….. លាង តៃ(នារីវ័យពេញក្រមុំ) កុ អ្នកមោយ បៅតៃ(ទារិកា) កុ ត្យុងកូនរបស់កុ តំរូ បៅតៃ(ទារិកា) កុ កន្ទត…..បៅសិ(ទារក)។ (១០-១២)ស្រែជា អំណោយ ម្រតាញ យជមាន ស្រែចំនួន២ សន្រេ ស្រែ អំណោយរបស់ ប្អញ៑ គោស ថ្វាយដល់ព្រះកម្រតាង អញ ឝ្រីមណ្ឌលេឝ្វរ…. ស្រែ អំណោយ ម្រតាញ ភាម្ឫទុ ថ្វាយដល់ព្រះ (ស្រែ)បានទិញអំពី វ្រៅ ច្គោង,បោញ បាស,….[បោញ] ឝាន្តិកីត៌ិ្ត ,បោញ តាង ឯត, ត្នះ ក្មៅ១បាទ១ តំលៃ ១០ លិង ។ (១២-១៥)ស្រែ បានទិញ ចំនួន១ …ទិញពីក្លោញ ម្រតាញ ខ្ចីពីក្លោញ តាញ, វិទ្យា,ទេវចន្ទ្រចំនួន២មាស។ ទិញស្រែ តំលៃ ៤យៅ ១ វ្លះ..ទាស អំរុង(ទំហ៊ុំ) ១ ជេ តំលៃ១យៅស្រែទិញពី ក្លោញ ទន្ហុំ អំរុង ២ ជេ ..តំលៃ១យៅ ១ វ្លះ ។ (១៥-១៦)ស្រែទិញអំពី ប្អញ ហស អំរុង(ទំហ៊ុំ) ១មាស តំលៃ ១យៅ១ វ្លះ ស្រូវ៤ ត្លោង  ស្រែទិញពី ម្តាយក្មេក របស់ បោញ ឝិវកីត៌ិ្ត អំរុង(ទំហ៊ុំ) ១មាសក្នុងតំលៃ ស្របុត១ វ្លះស្រូវ១៤ ត្លោង។ (១៦-១៨)ស្រែ ទិញអំពី ក្លោញ វេង(វែង) ប្រវែង ១មាស កន្លះ ក្នុងតំលៃ ចន្លេក(សម្លៀកបំពាក់) ១វ្លះ ស្រូវចំនួន២ ត្លោង។  ស្រែ ទិញអំពីអ្មេ(ម្តាយ)របស់ បោញ សុទេវ  អំពីបោញ សុទេវ ទំហ៊ុម១ ជេ កន្លះ តំលៃ ចន្លេក(សម្លៀកបំពាក់) ១យៅ។ (១៩-២០)ស្រែទិញអំពី ក្លោញ អប ទំហ៊ុំ ២ជេ ២ ថ្លៃ ចន្លេក(សម្លៀកបំពាក់)១ វ្លះ។ ស្រែ១៣ ត្លោង គោ៣០ក្បាល ដើមដូងចំនួន៤០០ដើម។ (២០-២១) ស្រែទិញអំពី បុនេង ក្លោញ សង្ហាហ្វ ក្នុងតំលៃ ស្រូវ ១៥០ ទំហ៊ុំ១ បាទ ដែលបានទទួលបណ្ដា គិតជាស្រែ៩៧ ចន្លេក(សម្លៀកបំពាក់)..ដែលបានទទួលបណ្ដា ស្រែ១៣យៅ ១ វ្លះ។

ជារួមមក ការសិក្សាអំពីសិលាចារឹកទួលទ្រនំពងទឹក ខេត្តកណ្តាល​ នៅពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដ្បិតតាំងពីការរកឃើញដោយលោកតា ជា ណន តាំងពីឆ្នាំ១៩៨៧ មក សិលាចារឹកនេះមិនដែលធ្លាប់មានការបកប្រែ និងស្វែងយល់អំពីអត្ថន័យនោះឡើយ។ សិលាចារឹកនេះ នាំឱ្យយើងបានយល់អំពីការបូជាចំពោះព្រហ្មញ្ញសាសនា និកាយព្រះឥសូរ នៅក្នុងរជ្ជកាលព្រះបាទស្រីភវវម្ម័នទី២ ដែលជាស្តេចឡើងសោយរាជ្យនៅគ.ស.៦៥៧ ដល់ ៦៨១។

អត្ថបទដោយ៖ កំ វណ្ណារ៉ា
- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489Fans
191,100Followers
18,300Subscribers
- Advertisement -spot_img
error: Content is protected !!